សៀមរាប៖ការងារតម្បាញសូត្រខ្មែរ មិនត្រឹមតែជាសិល្បៈប្រពៃណីដ៏ល្អឯកប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារដែលទាមទារនូវភាពព្យាយាម និងផ្ចិតផ្ចង់ជាទីបំផុត។ នេះបើតាមការលើកឡើងរបស់ លោកស្រី តេង ស្ដើង គ្រូបង្រៀនតម្បាញនៅសិប្បកម្មសួស្ដី ស្ថិតក្នុងឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
លោកស្រី តេង ស្ដើង បានឱ្យដឹងថា ដើម្បីផលិតបានសំពត់សូត្រមួយដែលមានរូបរាង និងគុណភាពល្អប្រសើរ អ្នកតម្បាញត្រូវមានភាពព្យាយាម តស៊ូ និងអត់ធ្មត់ខ្ពស់បំផុត។ លោកស្រីបានគូសបញ្ជាក់ថា ប្រសិនបើគ្មានភាពអត់ធ្មត់ និងការយកចិត្តទុកដាក់ផ្ចិតផ្ចង់ទេនោះ គឺមិនអាចត្បាញបានល្អឡើយ ព្រោះដំណាក់កាលនីមួយៗត្រូវការការផ្ចិតផ្ចង់យ៉ាងល្អិតល្អន់។
លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីសម្រេចចិត្តចាប់យកអាជីពនេះ គឺដោយសារតែទឹកចិត្តចង់ចូលរួមចំណែកថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ខ្មែរឱ្យបានគង់វង្ស។ ជាមួយគ្នានេះ អាជីពនេះក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់សហគមន៍ ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានប្រាក់ចំណូល និងកាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅឆ្ងាយ។
គួរបញ្ជាក់ផងដែរថា នៅសិប្បកម្មសួស្ដី បច្ចុប្បន្នមានសមត្ថភាពផលិតនូវផលិតផលតម្បាញយ៉ាងសម្បូរបែប និងមានរចនាបទប្រណីតៗ រួមមាន៖ ក្រមាការ៉ូ, ក្រមាម៉ូតគោម, ម៉ូតផ្កាចន្ទ, ម៉ូតពីងពាង, ផាហ៊ុន និងកន្សែងផ្សេងៗជាច្រើនទៀត៕
.....សម្ភាសន៍ លោកស្រី តេង ស្ដើង
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ











