នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកស្វាយលើ ឯកឧត្តម តាន់ ថាណា រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត ព្រមទាំងស្តាប់បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីយកមកដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន រួមមាន៖
-ភាពមិនប្រក្រតីនៃជញ្ជីងថ្លឹងដំឡូង
-ស្ថានភាពផ្លូវមួយចំនួនក្នុងឃុំតាសៀម និងឃុំកន្ទួត
-ការជួសជុលផ្លូវ លូ ប្រឡាយ និងសន្ទះទឹក
-ការគ្រប់គ្រងរដ្ឋបាលព្រៃឈើ
-ការស្នើសុំសាងសង់ផ្លូវនៅភូមិត្រពាំងស្វាយ និងការបើកផ្លូវក្នុងឃុំតាសៀម
-ការស្នើសុំប័ណ្ណសមធម៌ជូនប្រជាការពារភូមិ
-ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតំបន់ការពារធម្មជាតិ
-ការផ្គត់ផ្គង់ទឹកស្អាតនៅមូលដ្ឋានឃុំខ្នងភ្នំ
-បញ្ហាការគ្រប់គ្រងសំរាម។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាន់ ថាណា បានលើកឡើងថា ចំពោះបញ្ហាដែលនៅសេសសល់មិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំដោះស្រាយឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ព្រោះការដោះស្រាយបញ្ហាទាំងនេះគឺជាការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម បានបន្ថែមថា ទោះបីជានៅមានបញ្ហាប្រឈមសេសសល់បន្តិចបន្តួចយ៉ាងណាក្តី ក៏ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយលើ បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាច្រើនជាបន្តបន្ទាប់ ដោយទទួលបានផលជាផ្លែផ្កា។ ជាមួយគ្នានេះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ព្រមទាំងបានជំរុញឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ក្នុងន័យរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ តាមរបាយការណ៍ប្រចាំត្រីមាសទី៣ ដែលសម្របសម្រួលដោយ ក្រុមការងារសម្រេចបាននូវលទ្ធផលសំខាន់ៗមួយចំនួន រួមមាន៖ ការរៀបចំប្រជុំផ្សព្វផ្សាយ និងបូកសរុបលទ្ធផលការងារ, ការចូលរួមសកម្មភាពមនុស្សធម៌ ដាំដើមឈើ និងសម្ពោធសមិទ្ធផលនានាក្នុងស្រុក, ការឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារដល់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ, ការចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ព្រមទាំងការរៀបចំវេទិការសាធារណៈដើម្បីស្តាប់បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នងភ្នំ បានសម្តែងការឯកភាពលើរបាយការណ៍របស់រដ្ឋបាលស្រុក និងបានកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានលើកយកបញ្ហាប្រឈមមកដោះស្រាយរួមគ្នា ក្រោមស្មារតី «រួមគិត រួមធ្វើ» ដោយបន្តកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក ហាំ ម៉េងហួត











