ព្រះសង្ឃ និងសប្បុរសជនក្នុងខេត្តសៀមរាប ដឹកនាំដោយព្រះគ្រូចៅអធិការវត្តឈូកត្រសាលរស្មីមានជ័យ វត្តព្រះបាទបួនឋាន និងវត្តចក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តនាំយកស្បៀងអាហារ ព្រមទាំងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខដែលកំពុងឈរជើងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ តំបន់អន្លង់វែង និងខេត្តព្រះវិហារ។
ព្រះតេជគុណ ធឿន ពៅ ចៅអធិការវត្តព្រះបាទបួនឋាន មានសង្ឃដីការថា ការនាំយកនូវទឹកសុទ្ធ និងគ្រឿងឧបភោគបរិភោគ មកផ្ដល់ជូននាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព និងនគរបាល ដែលបាន លះបង់កម្លាំងកាយចិត្ត ស្មារតី លះបង់ក្តីសុខផ្ទាល់ខ្លួន និងជម្នះរាល់ការលំបាកក្នុងព្រៃភ្នំ ដើម្បីឈរជើងការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។
ព្រះតេជគុណបានបន្តថា ជំនួយបន្តិចបន្តួចនេះ គឺជាសក្ខីកម្មបញ្ជាក់ពីកម្លាំងសាមគ្គីរវាងពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងជាកម្លាំងចិត្តដ៏កក់ក្តៅ ជូនដល់កងកម្លាំងជួរមុខឱ្យមានស្មារតីស្នេហាជាតិកាន់តែរឹងមាំបន្ថែមទៀត។ ការផ្ដល់ជូននេះ វាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្តៅ ជូនដល់កងកម្លាំងជួរមុខរបស់យើង ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។ ព្រះតេជគុណក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់រូប ដែលបានលះបង់ទាំងពេលវេលា ធនធាន និងថវិកាផ្ទាល់ខ្លួន រួមចំណែកក្នុងសកម្មភាពមនុស្សធម៌នេះតាមរយៈព្រះសង្ឃ។
តំណាងបងប្អូនកងទ័ព បានសម្ដែងនូវក្តីត្រេកអរ និងថ្លែងអំណរព្រះគុណ ចំពោះព្រះសង្ឃទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ នឹកគិតដល់សុខទុក្ខរបស់កងទ័ព និងនគរបាលគ្រប់ពេលវេលា។ ឧបត្ថម្ភទាំងអស់នេះ ជាការជួយសម្រាលការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំងជួរមុខ ហើយវត្ថុបំណងដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ នឹងក្លាយជាកម្លាំងចលករញ៉ាំងឱ្យកងកម្លាំងទាំងអស់ កាន់តែប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដីរបស់យើង៕
អត្ថបទ៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ











