ខេត្តសៀមរាប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ទស្សនាការសាកល្បងប្រើប្រាស់សត្វសុនក ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ដែលសុនកហិតគ្រឿងញៀនទាំងនេះ នឹងត្រូវត្រៀមប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការពិសេស ដើម្បីចូលរួមបង្ការ ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ក៏បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះថែរក្សាសុខភាពសុនខ ឱ្យបានល្អទាំងការថែទាំ ការឱ្យចំណី និងហ្វឹកហ្វឺនសុនខ ហិតក្លិនរកគ្រឿងញៀននេះ ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីទទួលបានលទ្ធផងល្អប្រសើរក្នុងការចុះប្រតិបត្តិការនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦៕ ដោយស្នងការនគរបាលសៀមរាប











